Sunday, February 26, 2017

Procedure of Married between Foreigner and Cambodian

នីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស









        នៅក្នុងសង្គមកម្ពុជា ក៏សង្កេតឃើញមានការរៀបអាពាហ៍ពិពាហ៍​ជាមួយបរទេស​មានចំនួន​ច្រើនគួរឱ្យ កត់សម្គាល់ ។ ជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ  កម្ពុជាបានបង្កើត ព្រមទាំងកំពុងនឹងបង្កើតនូវ​លិខិតបទដ្ឋាន គតិយុត្តជាច្រើន ដែលបានបញ្ញត្ត ក៏ដូចជាការពារនូវរាល់ទំនាក់ទំនងនៃការរៀបអាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និងជនបរទេស​ផងដែរ។ បើទោះបីជាមានបទដ្ឋានមួយចំនួន បានអនុញ្ញាតឱ្យមាន​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយជនបរទេសក៏ដោយ ប៉ុន្តែការអនុញ្ញាតនេះ ក៏ត្រូវអនុវត្តតាមនីតិវិធីច្បាស់លាស់ម៉ត់ចត់ ដើម្បីអាច​ធានា​ឱ្យបានថា ការរៀបអាពាហ៍ពិពាហ៍នេះ ជាការរៀបអាពាហ៍ពិពាហ៍មួយដែលស្របច្បាប់ និងមិន​មានការ​ឆបោក​ផ្សេងៗពីសំណាក់ភាគីទាំងសងខាង ។ 

ក.ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរជាមួយពលរដ្ឋបរទេសនៅបរទេស

          ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និង ជនបរទេសនៅឯបរទេស គឺវាច្បាស់​ណាស់ដែលថា​ការ​រៀបអាពាហ៍ពិពាហ៍នោះបានធ្វើឡើងនៅឯទឹកដីនៃប្រទេសណាមួយ​ដែលមិនមែន​ជាទឹក​ដី​របស់ប្រទេស​កម្ពុជា ប៉ុន្តែបញ្ហាត្រង់ថាអ្នកដែលរៀបអាពាហ៍ពិពាហ៍នោះ គឺមានភាគីម្ខាង ឬទាំងពីរ​ជា​ជនជាតិ​កម្ពុជា ។ ​អាស្រ័យ​ហេតុនេះ គឺត្រូវមានជម្លោះផ្នែកគតិយុត្តអាច​នឹងកើតឡើង​មាន​ន័យថា​តើត្រូវ​យក​ច្បាប់​ប្រទេស​ណាមួយ​មក​អនុវត្ត​។ អនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពី​អត្រានុកូលដ្ឋាន និង​ក្រម​រដ្ឋប្បវេណី​ឆ្នាំ២០០៧ ក៏មាន​ចែងអំពីករណីនេះផងដែរ មានន័យថា​ដើម្បី​ដោះ​ស្រាយ​លើបញ្ហានេះ​ដោយ​ផ្អែក​លើ​លិខិត​បទដ្ឋាននេះគេមាន វិធីពីរដើម្បីជ្រើសរើសក្នុងការអនុវត្ត ដែលមាន​ដូចតទៅ ៖

          ជម្រើសទីមួយភាគីទាំងសងខាង អាចប្រើប្រាស់នីតិវិធីដែលមានចែងនៅក្នុងច្បាប់នៃប្រទេស​ដែល​សាមីខ្លួនស្នាក់នៅ [1] នៅក្នុងករណីនេះអាពាហ៍ពិពាហ៍នៅបរទេស ដែលធ្វើឡើងត្រឹមត្រូវតាម​ទម្រង់​នៃ​អាពាហ៍ពិពាហ៍នៃប្រទេស​នោះត្រូវបានទទួលស្គាល់យកជាការនៅកម្ពុជា ប្រសិនបើមិនផ្ទុយនឹងច្បាប់​របស់​កម្ពុជា ។ បន្ទាប់មកលិខិត​អាពាហ៍ពិពាហ៍នេះត្រូវយកមកចុះនៅស្ថានទូត ឬ ស្ថានកុងស៊ុល​របស់​កម្ពុជា​ប្រចាំ​នៅប្រទេសនោះ ​ឬយក​មក​ចុះបញ្ជីអាពាហ៍ពិពាហ៍នៅឃុំសង្កាត់នៅប្រទេសកម្ពុជា បើគូស្វាមី​ភរិយា​មក​តាំង​ទីលំនៅនៅកម្ពុជា ។ 

          ជម្រើសទីពីរ ៖ ដោយអនុវត្តតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ករណីនេះ អាចអនុវត្តបានដោយ​យក​ច្បាប់របស់ប្រទេសកម្ពុជាមកអនុវត្ត ឬ ប្រើប្រាស់​ដែលមានចែងអំពីក្ខខណ្ឌនីតិវិធី ដែលនីតិវីធីនោះគឺ ៖
          បើមានបំណងចង់រៀបអាពាហ៍ពាហ៍ រវាងគ្នាពលរដ្ឋខ្មែរដែលរស់នៅបរទេសអាចដាក់ពាក្យសុំរៀប​អាពាហ៍ពាហ៍ ជូនដំណឹងជាសាធារណៈ ចុះកិច្ចសន្យាអាពាហ៍ពាហ៍ និងចុះបញ្ចីអាពាហ៍ពាហ៍នោះ​នៅចំពោះ​មុខ​ឯកអគ្គរាជទូត ភារធារី ឬ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនោះ[2]
          មួយវិញទៀតចំពោះការជូនដំណឹងជាសាធារណៈ (ការបិទប្រកាសផ្សាយ) ត្រូវធ្វើដោយបិទនៅបញ្ជរ​របស់ស្ថានទូត ឬ ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនោះ ។

ខ.ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា

        រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានចេញអនុក្រឹត្យ មួយលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកំណត់បែបបទ និងនីតិវីធិនៃការរៀបអាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋខ្មែរ​ និងជនបរទេស ។ គួរបញ្ជាក់ផងដែរថា ចំពោះអាពាហ៍ពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ឬ ជនបរទេស និងជនបរទេស​ដែល​រស់​នៅស្របច្បាប់នៅកម្ពុជា ​ត្រូវប្រព្រឹត្តទៅ​តាមច្បាប់នៃ​ប្រទេសកម្ពុជា [3]
        ម្យ៉ាងវិញទៀត ចំពោះជនអន្តោប្រវេសន៍ និងជនបរទេសដែលរស់នៅស្របច្បាប់នៅលើទឹកដីនៃ​ព្រះរាជាណាចក្រកម្ពុជា អាចរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬ ជនអន្តោប្រវេសន៍នោះបានដោយ​អនុវត្តតាមច្បាប់ស្តីពីអាពាហ៍ពិពាហ៍ដែលមានចែងនៅក្នុងប្រទេសខ្លួន តែត្រូវសុំការអនុញ្ញាតច្បាប់ពីមន្ត្រី​អត្រានុកូលដ្ឋានដោយប្រាប់ពីទីកន្លែង និងពេលដែលខ្លួនរៀបអាពាហ៍ពិពាហ៍នេះឱ្យបានច្បាស់ ។ ពេលរៀប​អាពាហ៍​ពិពាហ៍ ប្តី ប្រពន្ធ អាចទៅសុំចុះសៀវភៅអាពាហ៍ពិពាហ៍នៅស្ថានទូត ស្ថានអគ្គកុងស៊ុល ឬ ស្ថាន​កុងស៊ុលនៃប្រទេសខ្លួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រសិនបើមាន ឬ សុំចុះសៀវភៅអាពាហ៍ពិពាហ៍​នៅ​មន្ត្រីអត្រានុកូលដ្ឋានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក៏បាន។ ការចុះឈ្មោះនៃជនជាតិ​បរទេសត្រូវ​សរសេរជាអក្សរឡាតាំងអមជាមួយអក្សរខ្មែរ [4]
        ចំពោះនីតិវីធី ឬ បែបបទនៃការរៀបអាពាហ៍ពិពាហ៍ដែលមានធាតុផ្សំបរទេសនៅក្នុងទឹកដីនៃប្រទេស​កម្ពុជាពិតណាស់ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ ១៨៣ ដែលទម្រង់នៃការរៀបអាពាហ៍ពិពាហ៍ចែកចេញ​ជាពីរដំណាក់កាលគឺដំណាក់កាលរដ្ឋបាល (ក) និងដំណាក់កាលនៃការចុះបញ្ជីអាពាហ៍ពិពាហ៍ (ខ) ។  

                  ១. ដំណាក់កាលរដ្ឋបាល

          ដំណាក់កាលនេះ ពាក់ព័ន្ធភាគច្រើនទៅនឹងការបញ្ជូនឯកសាររបស់សាមីខ្លួនពលរដ្ឋបរទេសមក អាជ្ញាធរកម្ពុជា ។ ក្រសួងការបរទេសពិនិត្យ និងផ្តល់យោបល់លើសំណុំឯកសារ ហើយជូនដំណឹង​ទៅសាមី​ខ្លួន​ជនបរទេស​ក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃការងារព្រមទាំងជូនដំណឹងទៅស្ថានទូត ឬ ស្ថានតំណាងវិញផងដែរ [5] រួចបញ្ជូ​នសំណុំឯកសារទៅក្រសួងមហាផ្ទៃ ។

                    ២. ដំណាក់កាលនៃការចុះបញ្ជីអាពាហ៍ពិពាហ៍

          អាពាហ៍ពិពាហ៍នឹងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែសាមីខ្លួនបុរស និងនារី ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍តាមរយៈការចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយសាមីខ្លួនផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន នៃឃុំសង្កាត់ដែលសាមីខ្លួនទាំងពីរបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ដោយ នាំមកនូវសាក្សីគ្រប់ការចំនួន ០២ រូប ស្របតាមទម្រង់បែបបទនិងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន [6]     
         
         
 ចំណាំ ៖ អត្ថបទខាងលើនេះ រៀបចំឡើងដោយការសិក្សាស្រាវជ្រាវពីបទដ្ឋានផ្សេងៗដែលមាននៅ​ក្នុង​ច្បាប់​តែប៉ុណ្ណោះ ដូច្នេះនៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវបំពេញបន្ថែម ។ អរគុណចំពោះការ កែតម្រូវ និងបំពេញបន្ថែម ។       




[1] មាត្រា ៣២ នៃអនុក្រឹត្យលេខ ១០៣ ស្តីពីអត្រានុកូលដ្ឋាន
[2] មាត្រា ៩៥៧ នៃក្រមរដ្ឋប្បវេណីកម្ពុជា
[3]មាត្រា ៣៣ នៃអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន
[4]មាត្រា ៣៤ នៃអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន
[5]មាត្រា ៧ នៃអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០០៨ ស្តីពីការកំណត់បែបបទ និងនីតិវីធិនៃការរៀបអាពាហ៍ពាហ៍រវាងពលរដ្ឋខ្មែរនិង ជនបរទេស
[6]មាត្រា ១១ អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០០៨ ស្តីពីការកំណត់បែបបទ និងនីតិវីធិនៃការរៀបអាពាហ៍ពាហ៍រវាងពលរដ្ឋខ្មែរនិង ជនបរទេស

No comments:

Post a Comment